Sunday, Aug 25th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះជនជាតិ ដើមភាគតិច

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកខ្ពស់ចំពោះជនជាតិដើមភាគតិច ដែលរស់នៅទូទាំង ប្រទេសកម្ពុជាជាក់ស្ដែង សម្ដេចបានប្រឹងប្រែងអភិវឌ្ឍន៍លើវិស័យ អប់រំថាមពលសំណង់វារីអគ្គិសនី បង្កើតគណៈកម្មាធិការ អន្តរក្រសួងរៀបចំនូវគោលនយោបាយជាតិក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍ជនជាតិដើមភាគតិចនិងលើកកម្ពស់ការថែទាំសុខភាពជនជាតិដើមភាគតិចជាដើម។

យោតាមសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៣ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ បានឲ្យដឹងថា“ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច ឲ្យកាន់តែមានភាពប្រសើរឡើង រាជរដ្ឋាភិបាល ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង ស្ថាប័នពាក់ព័ន្ធជាសេនាធិការ នឹងបន្តខិតខំជំរុញការងារអភិវឌ្ឍន៍ជូនដល់បងប្អូនជនជាតិដើមភាគតិច ឲ្យបានសមស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល  ដោយពង្រីកការថែរក្សាអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ដែលបងប្អូនរស់នៅ។

ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទនឹងរៀបចំផែនការសកម្មភាពធ្វើការផ្សព្វផ្សាយគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនជាតិភាគតិចឲ្យបានទូលំទូលាយនៅតាមបណ្ដាខេត្តដែលមានបងប្អូនជនជាតិដើមភាគតិចរស់នៅ”។

សូម្រាបថា បច្ចុប្បន្ននេះ ជនជាតិដើមភាគតិចដែលរស់នៅក្នុងប្រទេសកម្ពុជា  រួមមាន ព្នង កួយ ទំពូន គ្រីង ចារាយ ព្រៅ កាវែត ស្នៀង ក្រាល មិល កាចក់ ព័រ ខោញ ជង សួយ ថ្នូន លូន ស្នូច រដែរ ខិ រអង ស្ទុង ល្អិន សំរែ  និងជនជាតិភាគតិចមួយចំនួនផ្សេងទៀត។ជនជាតដើមភាគតិចទាំងអស់ មានប្រមាណជាង ១ភាគរយ នៃចំនួនប្រជាជនសរុប និងរស់នៅក្នុងខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី មណ្ឌលគិរី  ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង  ឧត្តរមានជ័យ  ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប និងនៅតាមតំបន់មួយចំនួនទៀត។ជនជាតិដើមភាគតិច ប្រកាន់យកវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ជំនឿ និងភាសាផ្សេងៗគ្នាទៅតាមក្រុមរបស់ខ្លួន។ ជាការកត់សម្គាល់មុខរបរចិញ្ចឹមជីវិតរបស់ពួកគាត់គឺការធ្វើកសិកម្មពនេចរតាមលក្ខណៈប្រពៃណី ដោយការកាប់ទន្ទ្រានព្រៃឈើដុត ដើម្បីយកដីធ្វើស្រែចម្ការវិលជុំ ការប្រមូលអនុផលព្រៃឈើ ការប្រមាញ់ ការនេសាទ និងការចិញ្ចឹមសត្វជាដើម៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top