Monday, Oct 21st | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ក្រសួងពាណិជ្ជកម្ម បើកដំណើរការ ធ្វើបច្ចុប្បន្នភាពលើ យុទ្ធសាស្ត្រ សមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបើកដំណើរការ ធ្វើបច្ចុប្បន្នភាពលើ យុទ្ធសាស្ត្រសមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ នេះគឺដើម្បីត្រួតពិនិត្យលើ លទ្ធផលសម្រេច បានកន្លងមក និងដើម្បីសិក្សា លើចំណុចខ្វះខាត បញ្ហាប្រឈម ក្នុងគោលបំណង លើកជាដំណោះស្រាយ ជាយុទ្ធសាស្ត្រលើ វិស័យពាណិជ្ជកម្ម ទាំងមូល។

ការបើកដំណើរការ ធ្វើបច្ចុប្បន្នភាពលើ យុទ្ធសាស្ត្រសមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ នេះ បានធ្វើឡើង ក្នុងឱកាស លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ច ប្រជុំពិភាក្សា ជាមួយដៃគូអភិវឌ្ឍន៍ លើដំណើរការនៃការធ្វើបច្ចុប្បន្នភាព "យុទ្ធសាស្ត្រសមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣" នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។

លោកស្រី តឹករ៉េត កំរង បានឲ្យដឹងថា យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ជាឯកសារចម្បងក្នុងការដឹកនាំ និងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មនៅកម្ពុជា។ 
លោក ស្រីបន្តថា "យុទ្ធសាស្ត្រនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រព័ន្ធ ដើម្បីត្រួតពិនិត្យលើលទ្ធផលសម្រេចបានកន្លងមក ដើម្បីសិក្សាលើចំណុចខ្វះខាត បញ្ហាប្រឈម ក្នុងគោលបំណងលើកជាដំណោះស្រាយជាយុទ្ធសាស្ត្រលើវិស័យពាណិជ្ជកម្មទាំងមូល"។ 

លោកស្រី បានបញ្ជាក់ថា "ការធ្វើបច្ចុប្បន្នភាពក្នុងឆ្នាំនេះ គឺជាការធ្វើបច្ចុប្បន្នភាពលើកទីបី ដែលមានគោលបំណងបីធំៗគឺ៖ (១) បញ្ជ្រាបពាណិជ្ជកម្ម និងភាពប្រកួតប្រជែងទៅ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ រួមរបស់រាជរដ្ឋាភិបាល (២) វិភាគដើម្បីកំណត់អាទិភាព និងដំណើរការសម្រាប់ ធ្វើកំណែទម្រង់ ជាគន្លឹះក្នុងវិស័យពាណិជ្ជកម្ម និងភាពប្រកួតប្រជែង និង (៣) បង្កើតជាវេទិកាសម្រាប់ដៃគូ អភិវឌ្ឍន៍ក្នុងសកម្មភាព សម្របសម្រួល និងតម្រង់ទិសលើការផ្ដល់ជំនួយ បច្ចេកទេស ដែលស្របទៅតាម អាទិភាព របស់រាជរដ្ឋាភិបាល"។ 

លោកស្រី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បន្ថែមថា នៅក្នុងកិច្ចប្រជុំនេះដែរ ដៃគូមួយចំនួន បានសំដែងនូវចំណាប់អាម្មណ៍ ក្នុងការរួមចំណែកជា ជំនួយបច្ចេកទេស និងមួយចំនួនទៀតនឹងសហការ ជាយុទ្ធសាស្ត្រ ដោយផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្រ ឬក្របខណ្ឌ គោលនយោបាយរបស់ដៃគូនីមួយៗ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រូបនេះបានអះអាងថា "ចំពោះគោលបំណង របស់កិច្ចប្រជុំនេះផ្ទាល់ គឺដើម្បីកំណត់នូវចំណាប់អារម្មណ៍ របស់ដៃគូអភិវឌ្ឍន៍ ក្នុងការរួមចំណែកនៅក្នុងដំណើរកា រធ្វើបច្ចុប្បន្នភាព ព្រមទាំងទទួល យកមតិ និងធាតុចូលជាបឋម ដើម្បីរៀបចំជា ឯកសារទស្សនទាន សម្រាប់រៀបចំ ឯកសារបច្ចុប្បន្នភាពជារួម"។ នេះបើតាមហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top