Sunday, Aug 25th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ឯកឧត្ដមកឹម សុខា ទូលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋថា អ្នកនយោបាយខ្មែរ នៅមិនទាន់មាន ការឯកភាព ជាតិនៅឡើយទេ 


ភ្នំពេញ៖ ឯកឧត្ដមកឹម សុខា ប្រធានស្ដីទី គណបក្សសង្រ្គោះជាតិ បានថ្លែងដោយទូលថ្វាយ ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទនរោត្ដម សីហនុ ថា អ្នកនយោបាយខ្មែរនៅមិនទាន់ មានការឯកភាពជាតិ, បង្រួបបង្រួមជាតិ, និងផ្សះផ្សាជាតិជាមួយគ្នា នៅឡើយទេ ។  

ការថ្លែងរបស់ឯកឧត្ដមកឹម សុខា ដែកទូលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋខាងលើនេះ បានធ្វើឡើងក្នុងពីធីបង្សុកូល គោរពវិញ្ញាណក្ខន្ធថ្វាយ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ សម្ដេចព្រះបាទនរោត្ដម សីហនុ នាព្រឹកថ្ងៃទី១៥ ខែតុលានេះ ដើម្បីរំលឹកខួប៤ឆ្នាំនៃការយាងចូល ទិវង្គតរបស់ព្រះអង្គ ។ 

ឯកឧត្ដមកឹម សុខា បានថ្លែងដោយរំលឹកស្នាព្រះ ហស្ថរបស់ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទនរោត្ដម សីហនុ ដែលព្រះអង្គតែងតែមានព្រះទ័យ ចង់ឲ្យមានការបង្រួបបង្រួមជាតិ ,ផ្សះផ្សាជាតិ, ឯកភាពជាតិរវាងខ្មែរ និងខ្មែរនាពេលកន្លងមក ។ 

ប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះ បានលើកឡើង ថា បើទោះក្នុងជំនាន់ណាក៏ដោយ ទោះក្នុងស្ថានភាពនយោបាយតឹងតែង បែបណាក៏ដោយ និងទោះក្នុងស្ថានភាព បែកបាក់គ្នាយ៉ាងណាក៏ដោយ គឺព្រះបរមរតនកោដ្ឋមិន ដែលបោះបង់ឡើយ ដោយព្រះអង្គតែងតែ យកចិត្ដទុកដាក់ និងមានព្រះតម្រិះរកគ្រប់ច្រកល្ហក ដើម្បីធ្វើយ៉ាងណា ឲ្យខ្មែរបានសុខ ឲ្យខ្មែរបានរួបរួមគ្នា ឲ្យខ្មែរបានដោះស្រាយបញ្ហា ជានាជាមួយគ្នា និងបានឯកភាពជាតិ ។ 
ឯកឧត្ដមកឹម សុខា បានទូលថ្វាយ ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ថា"ដូច្នេះថ្ងៃនេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាសូមពិតដល់ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ ទូលដល់ព្រះវិញ្ញាណក្ខន្ធព្រះអង្គ ថា ឥឡូវនេះខ្មែរមិនទាន់ បានរួបរួមគ្នាស្រួលបួលទេ នូវតែមានការបែកបាក់គ្នា នូវតែមានការកាប់សម្លាប់គ្នា ឈ្នានីស ធ្វើទុក្ខបុកម្នេញគ្នាទេ អញ្ចឹងសូមឲ្យព្រះវិញ្ញាណក្ខន្ធ ព្រះអង្គ ដែលបានសោយសុខក្នុងសុខគតិភពហើយ សុំបារមីព្រះអង្គមកស្ថិតនៅ អ្នកនយោបាយខ្មែរទាំងឡាយ ដើម្បីវិលមករកការឯកភាពជាតិ បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ដើម្បីសេចក្ដីសុខរបស់ខ្មែរយើងទាំងអស់គ្នា ចាប់ពីថ្ងៃនេះតទៅកុំបីអាក់ខានឡើយ" ។

សូមជម្រាប ថា បើទោះបីជាមានការលើកឡើង របស់ឯកឧត្ដមកឹម សុខាខាងលើនេះក្ដី ប៉ុន្ដែនៅពេលដែលប្រទេសកម្ពុជាជួបវិបត្ដិនយោបាយ កាលពីឆ្នាំ២០០៣ ក្រោយការបោះឆ្នោតលើកទី៣នោះ គឺព្រះករុណាព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទនរោត្ដមសីហនុ បានកោះអញ្ជើញមេដឹកនាំគណបក្សធំៗចំនួន៣ ដែលរួមមានៈ មេដឹកនាំគណបក្ស ប្រជាជនកម្ពុជា ,មេដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ,និងគណបក្សសម រង្ស៊ី ដើម្បីរៀបចំបង្កើត រដ្ឋាភិបាលត្រីភាគី។ ប៉ុន្ដែនៅពេលបានបង្កើតហើយ បែរឯកឧត្ដមសម រង្ស៊ី បានបដិសេធមិនទទួលយក ហើយសុខចិត្ដធ្វើគណបក្សប្រឆាំងវិញ ដោយត្រង់ចំណុចនេះមានន័យ ថា គឺគណបក្សប្រឆាំងខ្លួនឯងទេ ដែលច្រានចោលនូវព្រះ រាជតម្រះរបស់អតីតព្រះមហាវីរក្សត្រ ។ 

ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ សម្ដេចព្រះបាទនរោត្ដម សីហនុ បានមានព្រះរាជបណ្តាំចុងក្រោយ មុនពេលដែលព្រះអង្គយាងចូលទិវង្គត ថា"ខ្មែររួបរួមគ្នា មានន័យថាខ្មែរខ្លាំង!" ។ ព្រះរាជបណ្ដាំរបស់ព្រះបរមរតនកោដ្ឋ មានន័យថា អោយកូនខ្មែរទាំងអស់កុំឈ្លោះគ្នា ចេះស្រលាញ់គ្នា សាមគ្គីគ្នា ព្រោះថា បែកបាក់ស្លាប់សាមគ្គីរស់ បើខ្មែររួបរួមសាមគ្គីគ្នា ប្រែមកថាខ្មែរខ្លាំង ខ្មែរឈ្នះ ខ្មែររីកចំរើន ៕ 
 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top